កំពត៖ ករណីក្មេងទំនើងបង្កការអុកឡុកតាមទីសាធារណៈ ដោយធ្វើសកម្មភាពគប់ដុំថ្មលើប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានមនុស្សពីរនាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ចាន់ រស្មី អាយុ១៥ឆ្នាំ និង ឈ្មោះ រីម ដារុន អាយុ១៧ឆ្នាំ។ ពួកគេរស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ក្រៅពីនេះ ក៏មានបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ផងដែរ។
ទាក់ទងនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឱ្យកម្លាំងជំនាញ បន្ដស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកបក្ខពួកជនសង្ស័យដែលនៅសេសសល់ យកមកចាត់ការតាមច្បាប់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត ដែលពួកគេតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕
www.ksapormean-khmerebooknews.com.kh































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh