ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។
កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។
ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យរាជរដ្ឋាភិបាលថៃ តាមរយៈ ឯកឧត្តម ឯកអគ្គរាជទូត ជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យ ឬអ្នកជំនាញការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលថៃ បានសម្តែងនូវសុឆន្ទៈ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ ឯកឧត្តម នឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា៖ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលថ្វាយសារតាំង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ហើយទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ៧២ឆ្នាំ៕
www.ksapormean-khmerebooknews.com.kh





























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh