ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាម ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះការគ្របដណ្តប់នៃគោលដៅ ក្របខ័ណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងនូវជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ គឺជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស រួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានឱ្យបានស្អាត នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការនានា ដើម្បីសម្រេចបាននូវ «ភាពស្អាត» ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ឯកឧត្តម បានចាត់ទុកកិច្ចសហការគ្នានៅពេលនេះ នឹងចូលរួមគាំទ្របន្ថែមទៀតដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកម្ពុជាដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង គ្មានការបំពុល ក៏ដូចជាចូលរួមចំណែកក្នុងការការពារសុខភាពរបស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោយការអនុវត្តយុទ្ធសាស្រ្តចក្រាជាង២ឆ្នាំកន្លងមកនេះ ការនាំចូលផលិតផលប្លាស្ទិកបានធ្លាក់ចុះប្រមាណ ៨៥%។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរឱ្យមានការបន្តចូលរួមបន្ថែមទៀតយ៉ាងសកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងធ្វើការទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់សាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការនានាផ្សេងទៀតដែលបានដាក់ចេញ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាន។
«ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំង២នៅពេលនេះ នឹងធ្វើឱ្យសហគមន៍ តាមផ្ទះ និងតាមមន្ទីរពេទ្យ មានការផ្លាស់ប្តូរឥរិយាបថ និងការគ្រប់គ្រងសំណល់កាន់តែប្រសើរ ខណៈពេលដែលក្រសួងកំពុងបន្តអនុវត្តយុទ្ធនាការនានា សម្អាតសំរាម ប្លាស្ទិកតាមដងផ្លូវ ចែកធុងសំរាម ឡានដឹកសំរាម ម៉ូតូរឺម៉កដឹកសំរាម ចែកឡដុតសំរាម ព្រមទាំងចាត់វិធានការនានាបន្ថែមទៀត។
សូមបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៥០០០ធុង ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តទូទាំងប្រទេសផងដែរ៕
www.ksapormean-khmerebooknews.com.kh













































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh