May 2021 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

គ្រឿងញៀនជិត១គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន នៅខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា : Views

 

(កំពង់ស្ពឺ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។

ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

ជនសង្ស័យ៣នាក់ រួមមាន ទី១៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕

តម្លៃសេវាទឹកកខ្វក់នឹងបញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត

ចំនួនអ្នកទស្សនា : Views

 


តម្លៃសេវាទឹកកខ្វក់ នឹងត្រូវបញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត បន្ទាប់ពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ឯកភាពគ្នាជាធ្លុងមួយក្នុងការដាក់ឱ្យអនុវត្តនូវសេវាកម្មនេះ។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ មានប្រសាសន៍ថា ការដាក់ បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយ ដែលនឹងរួមចំណែកដល់ការធានាបាននូវនិរន្តរភាព នៃការវិនិយោគលើវិស័យនេះ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបស្តីពីបេសកកម្មគាំទ្រដល់ការងារអនុវត្តគម្រោងលើកទី៤នៃ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ដែលរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើយន្តការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សំដៅធានាដល់ការទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ និងជំរុញប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយសមធម៌និរន្តរភាព ជាពិសេសក្នុងគោលបំណងចូលរួមថែរក្សាអនាម័យ សុខភាពសាធារណៈ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងកែលម្អបរិស្ថានធម្មជាតិ។ អង្គប្រជុំដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង មន្រ្តីគម្រោងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវា នុវត្តន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងធនាគារពិភពលោក និងភាគីពាក់ព័ន្ធ បាន ពិនិត្យទៅលើការងារបច្ចេកទេស កិច្ចការលទ្ធកម្ម កិច្ចការ ហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាននិងសង្គម ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តន៍នូវសកម្មភាពការងារនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅតាមផែនការដែលគ្រោងទុក។ សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ក្នុងគោលបំណងថែរក្សាអនាម័យបរិស្ថាន ធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងទឹកកខ្វក់ ព្រមទាំងរៀបចំចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូនៅក្នុងគម្រោងអភិវឌ្ឍន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យស្របតាមកម្រិតបទបញ្ញត្តិបច្ចេកទេស និងស្តង់ដារបរិស្ថាន៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៥ ២០២១


វត្តចំនួន២ក្នុងស្រុកស្វាយលើ ដែលជួបការខ្វះខាតក្នុងបរិបទជំងឺកូវីដ១៩ ទទួលបានទេយ្យទានពីរដ្ឋបាលខេត្តសៀមរាប

ចំនួនអ្នកទស្សនា : Views

 

ពិធីវេរប្រគេននេះបានប្រព្រឹត្តនៅវត្តព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយមានការចូលរួមពីលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក អាជ្ញាធរឃុំ ភូមិ ពុទ្ធបរិស័ទផងដែរ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា វត្តព្រះអង្គជប់ ជាវត្តមួយស្ថិតនៅនឹងចង្កេះភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិ ភ្នំគូលែន និងវត្តប្រាសាទសង្កែសឹង្ហ ជាវត្តខ្វះខាតមួយ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ក្នុងតំបន់ព្រៃភ្នំជាប់ខេត្តព្រះវិហារ។

លោកបានបន្តទៀតថា ស្របពេលដែលនៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ សំខាន់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលបានធ្វើឲ្យវត្តមួយចំនួនក្នុងស្រុក ជួបនូវកង្វះខាតផងដែរ។

ក្នុងនាមអភិបាលខេត្ត លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោក ក៏ដូចនៅកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាម ដាច់ស្រយាលផងដែរ។ ដោយបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍។

លោក ពៅ ពិសិដ្ឋ បានលើកផងដែរថា រដ្ឋបាលខេត្ត ក្រៅពីប្រជាពលរដ្ឋជួបការខ្វះខាត តែងតែគិតដល់តាមទីវត្តអារាប ហើយមកដល់ថ្ងៃនេះមាន ៣២វត្ត និង៦អាស្រមនៅទូទាំងខេត្ត បានទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោព្រមទាំង សម្ភារៈប្រើប្រាស់ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។

ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈ រួមទាំងបច្ច័យបានវេរប្រគេនដល់វត្តនីមួយៗ នៅពេលនោះ រួមមាន អង្ករចាប់ពី៣០០គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករស ទឹកដោះគោ ភេសជ្ជៈ និងអាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ វត្តនីមួយៗទទួលបាន២លានរៀល៕


លោក ប្រាក់ វណ្ណដេត និងលោកស្រីឧកញ៉ា ឡាយ ពេជ្រសុវណ្ណរ័ត្ន ឧបត្ថម្ភថវិកា ៣,៥០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ប្រាក់ វណ្ណដេត និងលោកស្រីឧកញ៉ា ឡាយ ពេជ្រសុវណ្ណរ័ត្ន ដែលបានឧបត្ថម្ភថវិកា ចំនួន ៣,៥០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ផ្ទះនីមួយៗមានទំហំ ៥ម៉ែត គុណនឹង៧ម៉ែត, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី, តតាកខាងក្រោយផ្ទះជាចង្ក្រានបាយ, និងមានបង្គន់អនាម័យដាច់ដោយឡែកមួយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក៕



ទីបំផុតព្រះអនុជពៅរបស់ស្តេចថៃ អនុញ្ញាតឲ្យស្ថាប័នមួយ នាំចូលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន «ដោយមិនបាច់ឆ្លងកាត់រដ្ឋាភិបាល»

ចំនួនអ្នកទស្សនា : Views

(បាងកក)៖ ព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ បានអនុញ្ញាតឲ្យស្ថាប័នមួយ ដែលទ្រង់ជាអ្នកឧបត្ថម្ភគាំទ្រ ធ្វើការនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយផ្ទាល់ «មិនចាំបាច់ត្រូវឆ្លងកាត់រដ្ឋាភិបាល» ស្របពេលដែលប្រជាជនថៃ កំពុងមិនពេញចិត្តជាខ្លាំង នឹងល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង ចំពោះមុខការកើនឡើងនៃករណីឆ្លងថ្មីៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

ព្រះនាងម្ចាស់ ជូឡាផន (Chulabhorn) ព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចុះព្រះហស្ថលេខាលើក្រឹត្យមួយ ចេញផ្សាយកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ដែលផ្តល់អំណាចឲ្យរាជបណ្ឌិតសភាវេជ្ជសាស្រ្ត-វិទ្យាសាស្រ្តថៃ ជូឡាផន (Chulabhorn) អាចធ្វើសកម្មភាពដោយឯកតោភាគីបាន ក្នុងការនាំចូលវ៉ាក់សាំង និងបម្រើផលប្រយោជន៍របស់ប្រជាជន ពាក់ព័ន្ធបញ្ហាជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។

រាជបណ្ឌិតសភាថៃ Chulabhorn បានប្រកាសថា វ៉ាក់សាំង COVID-19 ដែលខ្លួននឹងទិញ នឹងជួយបំពេញបន្ថែមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រដ្ឋាភិបាលថៃ ហើយវានឹងបន្តប្រព្រឹត្តទៅ រហូតទាល់តែអាចបំពេញតម្រូវក្នុងប្រទេសបាន។ រាជបណ្ឌិតសភាថៃ Chulabhorn បានត្រៀមរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈវ៉ាក់សាំងដែលត្រូវនាំចូល អាចជាវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលអាជ្ញាធរសុខាភិបាលថៃត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអង្គការ WHO ទទួលស្គាល់ជាផ្លូវការរួចទៅហើយនេះ នៅក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា កន្លងមកនេះរដ្ឋាភិបាលថៃបានទទូចថា ខ្លួនត្រូវតែជាអ្នកទទួលបន្ទុក លើការនាំចូលវ៉ាក់សាំងទាំងអស់។ ប្រទេសថៃ ដែលមានប្រជាជនជិត ៧០លាននាក់ ទើបតែគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងទ្រង់ទ្រាយធំនៅខែមិថុនា ខាងមុខនេះប៉ុណ្ណោះ ។ យុទ្ធនាការនេះនឹងពឹងផ្អែកជាចម្បង ទៅលើវ៉ាក់សាំងអង់គ្លេស AstraZeneca ដែលទទួលបន្ទុកផលិតដោយក្រុមហ៊ុនក្នុងស្រុក ខណៈរដ្ឋាភិបាលថៃរំពឹងថា នឹងមានវ៉ាក់សាំង AstraZeneca ប្រមាណ ០៦លានដូស និងវ៉ាក់សាំង Sinovac ០៣លានដូស សម្រាប់ចាក់នៅខែក្រោយ។

បណ្តាមន្ទីរពេទ្យឯកជននៅប្រទេសថៃ ក៏បានរួមគ្នាគ្រោងទិញវ៉ាក់សាំងចំនួន ១០លានដូស ពីក្រុមហ៊ុនអាមេរិក Moderna ផងដែរ តាមរយៈក្រុមហ៊ុនមួយរបស់រដ្ឋ។ ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ត្រូវចាប់ផ្តើមនៅខែក្រោយ ថៃមានគោលដៅចាក់វ៉ាក់សាំងប្រជាជនឲ្យបាន ៧០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួនមុនដំណាច់ឆ្នាំនេះ។

គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថៃសម្រេចបានការចាក់វ៉ាក់សាំង ចំនួន ៣.១៥លានដូស ក្នុងនោះប្រជាជន ៣.១៥លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.១% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤១,២១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩២០នាក់ និងអ្នកជាសះស្បើយជិត ៩៤,០០០នាក់៕



នគរបាលខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆក់ទូរស័ព្ទស្រ្តីម្នាក់

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំបូល បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលឆក់ទូរស័ព្ទស្រ្តីម្នាក់បានសម្រេច ហើយរត់គេចខ្លួនបានរយៈពេល ២ថ្ងៃ។

ជនសង្ស័យទាំង២នាក់នោះ ទី១៖ ឈ្មោះ គង់ សម្បត្តិ ហៅ ខ្មៅ អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល, ទី២៖ឈ្មោះ ឡាង ផាន់ណា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

នគរបាលបានរកឃើញសារធាតុញៀន នៅក្នុងទឹកនោមរបស់ជនសង្ស័យទាំង២នាក់ ហើយពួកគេឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក និងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦៖៤៥នាទីយប់ ស្រ្តីរងគ្រោះឈ្មោះ លន់ ស៊ីវឡាង អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ បានជិះម៉ូតូ១គ្រឿងជាមួយគូដណ្ដឹងតាមផ្លូវជាតិលេខ៤ ចេញពីផ្សារជម្ពូវ័ន ឆ្ពោះទៅផ្ទះដោយទុកទូរស័ព្ទដៃម៉ាកអាយហ្វូនសេវិនផ្លឹសក្នុងហោប៉ៅខោ។

លុះពេលទៅដល់ត្រង់ចំណុចមុខភូមិជិតដល់ផ្ទះទៅហើយ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ទឹកមាសតាមពីក្រោយ រួចធ្វើសកម្មភាពឆក់បានសម្រេចហើយជិះម៉ូតូគេចខ្លួន។
ពេលនោះ ជនរងគ្រោះបានស្រែកថាចោៗ ហើយគូដណ្ដឹងរបស់នាង បានជិះម៉ូតូដេញតាមដែរ តែតាមមិនទាន់ឡើយ ក៏បានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ ហើយរហូតដល់ថ្ងៃទី២៤-២៥ ខែឧសភា ទើបចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ព្រមទាំងដកហូតយកទូរស័ព្ទដៃ ប្រគល់ជូនជនរងគ្រោះវិញ ហើយចំណែកជនសង្ស័យត្រូវបាននាំទៅសាកសួរ និងចាត់ការតាមច្បាប់៕


អាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ និងលើកកម្ពស់ការកសាង សហគមន៍សុខភាពសម្រាប់ទាំងអស់គ្នា

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ​):ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សុខ​ភាព​សាធារណៈ​រវាង​អាស៊ាន - ចិន ដែល​បានរៀបចំ​រួមគ្នា​ដោយ​មជ្ឈមណ្ឌល​អាស៊ាន - ចិន (ACC) ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន និង​រដ្ឋាភិបាល​ប្រជាជន​ទីក្រុង Xuzhou ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង Xuzhou នៃ​ខេត្ត Jiangsu នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ថ្ងៃទី ២១ ខែឧសភា​។ បណ្តា​អ្នកតំណាង​មកពី​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ២០ បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ចែករំលែក​ការយល់ដឹង​របស់​ពួកគេ​អំពី​វិធី​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​សុខ​ភាព​សាធារណៈ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​នៅ​អាស៊ាន និង​ចិន​។​
​ក្រោម​ប្រធានបទ «​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ដើម្បី​អនាគត​ឈ្នះ​ឈ្នះ​» សន្និសីទ​នេះ​បាន​ពិភាក្សា​អំពី​វិធី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សុខ​ភាព​សាធារណៈ​រវាង​ចិន - អាស៊ាន​ក្នុង​វិស័យ​មួយចំនួន ដូចជា​វិស័យ​បង្ការ និង​ត្រួតពិនិត្យ​ជំងឺ ការបណ្តុះបណ្តាល​ទេពកោសល្យ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពាណិជ្ជកម្ម​ក្នុង​សេវាកម្ម​សុខភាព និង​សង្គម​។​
​ឆ្នាំនេះ គឺជា​ខួប​លើក​ទី ៣០ នៃ​ទំនាក់ទំនង​កិច្ចសន្ទនា​រវាង​អាស៊ាន - ចិន និង​ខួប​លើក​ទី ១០ នៃ​ការបង្កើត ACC​។ នៅ​ចំពោះមុខ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​អាស៊ាន​បាននិងកំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង និង​បង្ការ​ការ​រាតត្បាត ដែលនាំឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។​
​ទីក្រុង Xuzhou ជាការ​ភ្ជាប់​ដ៏​សំខាន់​សម្រាប់​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ដែល​បាន​បង្កើត​ទំនាក់ទំនង​មិត្ត​ភាពជា​បន្តបន្ទាប់​ជាមួយ​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​ក្នុងប្រទេស​អាស៊ាន​។ នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នោះ អភិបាលរង​ទីក្រុង Xuzhou លោក Zhang Ke និង​អគ្គលេខាធិការ ACC លោក Chen Dehai បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ប្រជាជន​ទីក្រុង Xuzhou និង​មជ្ឈមណ្ឌល​អាស៊ាន - ចិន ដែលជា​សកម្មភាព​មួយ​សំដៅ​ពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ក្នុង​វិស័យ​ពាក់ព័ន្ធ​នានា​៕ (​ប្រភព People's Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) 


សប្បុរសជន ផ្តល់សម្ភារ និងថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ចំនួនអ្នកទស្សនា : Views

 


(កណ្ដាល): ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ ទទួលថវិកា និងសម្ភារមួយចំនួន ពីលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និង នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ពិសេសក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ " ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និង នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ។

ឯកឧត្តម បានបន្តថា ថវិកា និងសម្ភារដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និង បន្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

ថវិកា និងសម្ភារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ផ្តល់ ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ម៉ាសចំនួន ៥០កេសធំ ស្ព្រៃសម្លាប់មេរោគ ចំនួន ១.០០០ដប ។ ដោយឡែកអំណោយរបស់នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ផ្តល់ថវិកាចំនួន ២០លានរៀល ៕  (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងសាងសង់ស្ពានឈើចំនួន២កន្លែង នៅភូមិ ឃុំតាឡាត

ចំនួនអ្នកទស្សនា : Views

 ស្ទឺងត្រែង៖ ស្ពានធ្វើពីឈើចំនួនពីរ នៅតាមដងផ្លូវជួរមាត់ទន្លេសេសាន ក្នុងភូមិ ឃុំតាឡាត ត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងរួមនិងប្រជាពលរដ្ឋសាងសង់រួចរាល់ហើយ ដើម្បីធ្វើចរាចរណ៍ទៅមកបានងាយស្រួលនៅមូលដ្ឋានទីជនបទ ។

ក្នុងឱកាសរៀបចំពិធីប្រគល់ស្ពានចំនួន២កន្លែងជូនប្រជាពលរដ្ឋនៅឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ស្ពានទាំង២នេះ បានកើត ចេញពីកម្លាំងសាមគ្កី ព្រោះយើងមានឈើស្រាប់ ដោយគ្រាន់តែចំណាយថវិកានិងកម្លាំង នាំគ្នាដឹកនាំសាងសង់សមិទ្ធផល ផ្លូវស្ពាន នៅក្នុងភូមិឃុំ ប្រយោជន៏បម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបន្តថា៖ស្ពានឈើនេះ ទីមួយហៅថាស្ពាន អូរក្បាលភូមិ មានប្រវែង២៥ម៉ែត្រ-ទទឹងជាង៤ម៉ែត្រ និងស្ពានទី២ហៅថាស្ពាន អូរចំបក់ មានប្រវែង១៥ម៉ែត្រ ទទឹងជាង៤ម៉ែត្រដូចគ្នា ត្រូវបានសាងសង់រួចនៅដើមខែឧសភាកន្លងមក ដែលត្រូវចំណាយថវិកាដែលបានមកពីការបរិច្ចាគតាមកម្លាំងសទ្ធា ពីថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ។

លោក អ៊ុន ច័ន្ទ ណា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិ ឃុំតាឡាត បានសម្តែងការសាទរពេលទទួលបានសមិទ្ធផលថ្មី(ស្ពានចំនួន២) ងាយស្រួលធ្វើដំណើរទៅមក មិនពិបាកដូចកន្លងមកទៀតទេ។

លោកបន្តថា៖ស្ពានថ្មីទាំង២នេះ អាជ្ញាធរសាងសង់ថ្មី មានគុណភាពរឹងមាំ ធានាដល់ការប្រើប្រាស់យូរអង្វែង ។

សូមបញ្ជាក់ថា៖ស្ពានអូរក្បាលភូមិនិងស្ពានអូរចំបក់-ជាបណ្តាញតភ្ជាប់តាមជួរផ្លូវមាត់ ទន្លេសេសាន ក្នុងភូមិឃុំតាឡាត-ភ្ជាប់ទៅឃុំក្បាលរមាស និងអាចតភ្ជាប់ទៅឃុំស្រែគរ ចេញទៅខេត្តស្ទឹងត្រែង និងមួយផ្នែកទៀត ចេញទៅឃុំអង្គ្រង-ស្រុកកូនមុំ នៃទឹកដីខេត្តរតនគីរី ៕


អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារសព ដែលស្លាប់ដោយសារពុលស្រាស នៅស្រុកល្វាឯម

ចំនួនអ្នកទស្សនា : Views

 កណ្តាល៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅរសៀលថ្ងៃ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណោះសំណាលសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសព ចំនួន ១២នាក់ ដែលបានពុលស្រាស បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តកណ្តាល បានថ្លែងនូវការសោកស្តាយ និង បានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និង សូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណក្ខន្ធសពបានដល់សុគតិភព។ ជាពិសេសឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត និង ផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឱ្យបានល្អ ឱ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូ ក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប មី១កេស ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស ជែលលាងដៃ១ដប ម៉ាស១០បន្ទះ និងថវិកា ៥០ម៉ឺនរៀល ៕

ដោយ ណយ នឿន, សម្រះលផ្សាយ៖ កន ចំណាន (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងស្ម័គ្រចិត្តធ្វើតេស្ត រកជំងឺកូវីដ-១៩ទាំងអស់គ្នា

ចំនួនអ្នកទស្សនា : Views

 ស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើគំរូមុនគេ  ដោយនាំគ្នាយកសំណាកទាំងអស់គ្នាដើម្បីចូលរូមជាមួយរាជរដ្ឋាភិបាល   និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

         នៅក្នុងសកម្មភាពយកសំណាកដោយស្ម័គ្រចិត្តនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២២ ឧសភាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌីមេបញ្ជាការ​​​​កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថជាកម្លាំងដ៍រឹងមាំក្នុងកិច្ចការពារសន្តិសុខ សង្គមនិងជួយអន្តរាគមន៍នៅតាមតំបន់នីមួយៗ  ពេលមានករណី​អ្វីមួយកើតឡើង ត្រូវជួយឱ្យបានទាន់ពេលវេលា  ក្នុងការបម្រើប្រជាពលរដ្ឋនិងបម្រើសង្គមជាតិ ទាំងមូល។

​          លោកឧត្តមសេនីយ៍ត្រី ​បញ្ជាការ​​ បានបន្តថា៖ការស្ម័គ្រចិត្តយក សំណាកពេលនេះគឺជាយន្តការមួយ ដើម្បូីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល  ដែលកំពុងតែយកចិត្តទុកដាក់   ណែនាំឱ្យយើងទាំងអស់គ្នាអនុវត្ត(បីកុំ-បីការពារ)និងបង្កើនការប្រុងប្រយ័ត្នបន្ថែមករណី ស​​​ង្ស័យជំងឺឆ្លងកូវីដ-១៩ ដូចនេះកម្លាំងកងរាជអាវុធហត្ថត្រូវតែទទួលខុសត្រូវចំពោះសុខភាពខ្លួន  និងប្រឆាំងដាច់ខាតនូវជំងឺកូវីដ-១៩នេះ។

         ​លោកវេជ្ជបណ្ឌិតអ៊ុងសូវៀត​ប្រធានមន្ទីរសុខាភិបាល ខេត្កបានទទួលស្គាល់​​​ថា៖  ​ករណីសង្ស័យជំងឺកូវីដ១៩នេះយើងមិនអាចមើលដឹងពីខាងក្រៅបានទេ​  ហើយនៅពេលដែលមន្ត្រីសុខាភិបា​​លយកសំណាកនេះ   ក៏អនុវត្តទៅតាមបច្ចេកទេសរបស់សុខាភិបាលយ៉ាងត្រឹមត្រូវ​ដើម្បីរួមគ្នាធ្វើការបង្ការឱ្យ​មានប្រសិទ្ធភាព។​​
លោកវេជ្ជបណ្ឌិតបានយកឱកាសនេះអំពាវនាវដល់គ្រប់កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋយើងឱ្យយកចិត្តទុកដាក់គ្រប់ទម្រងផ្នែកអនាម័យ   ជាពិសេសក្នុងគ្រួសារ  បើមានសមាជិកណាមួយមានអាការក្តៅខ្លួន ​សួមកុំអល់អែកត្រូវ​​រួសរាន់   ទៅរកសេវាសុខាភិបាលជាបន្ទាន់  ​ជាពិសេស​បងប្អូនដែលមានអ្នកពាក់ព័ន្ធមកពីបណ្តាខេត្តផ្សេងៗ ឬមកពីរាជធានីភ្នំពេញ។

 សូមបញ្ជាក់ថា៖នៅ​ខេត្តស្ទឹងត្រែងមន្ត្រីសុខាភិបាល បាន​រកឃើញអ្នក​ផ្ទុកជំងឺកូវីដ១៩  ចំនួន០៧នាក់ហើយគិតមកដល់ថ្ងៃទី២២ឧសភាឆ្នាំ២០២១  (ជាករណីនាំចូល)និងបានជាសះស្បើយ១នាក់ផងដែរ៕