ភ្នំពេញ៖ ក្នុងស្មារតីមនុស្សធម៌ ចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលកំពុងប្រឈមនឹងបញ្ហាសុខភាព ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានចាត់តាំង ឯកឧត្តម សេក ភក្តី អនុប្រធាន និង ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ ឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនកុមារជាអ្នកជំងឺជាង ១,០០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីនេះមានការទទួលស្វាគមន៍ពី លោក មាស សារិទ្ធ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យ និង លោកគ្រូ អ្នកគ្រូពេទ្យ ជាតំណាងលោកសាស្ត្រាចារ្យមហាបរិញ្ញា គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និង សហការី ព្រមទាំង ម្ចាស់អំណោយជាជនជាតិឥណ្ឌូនេស៊ី និង អាណាព្យាបាលអ្នកជំងឺជាកុមារ ជាង១,០០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម សេក ភក្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរ ពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ព្រមទាំងបានបង្ហាញនូវការយកចិត្តទុកដាក់ និងក្តីអាណិតអាសូរចំពោះកុមារដែលកំពុងមានជំងឺ និងត្រូវការការថែទាំព្យាបាល។
ជាមួយគ្នានេះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ជាគ្រឿងបរិភោគនិងសម្ភារប្រើប្រាស់ចំនួន១០០០កញ្ចប់ សម្រាប់ចែកជូនអ្នកជំងឺ១០០០នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន៖
-ទឹកដោះគោ០១ដុំ (៤កំប៉ុង)
-មី១០កញ្ចប់
-ត្រីខ០១យួរ
-ភួយ០១ ខ្នើយ០១
-បាយ០១ប្រអប់ និងទឹកសុទ្ធ នំ ផ្លែឈើ។
ឯកឧត្តម សេក ភក្តី អនុប្រធានសមាគម បានជម្រាបថា អំណោយទាំងនេះបានមកពីការបរិច្ចាគរបស់ Mr. BAMBANG EKO ATMAJA ទីប្រឹក្សាសមាគមរាជសីហ៍ និង សប្បុរសជនរស់នៅប្រទេស ឥណ្ឌូនេស៊ី។
ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ក៏បានលើកទឹកចិត្តដល់កុមារអ្នកជំងឺទាំងអស់ ឱ្យខិតខំថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយ អាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងបន្តការសិក្សា។
គួររំលឹកថា សមាគមរាជសីហ៍ តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានឧបត្ថម្ភអំណោយផ្សេងៗ ដល់ វីរកងទ័ពជួរមុខ កងកម្លាំងការពារជាតិ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ ជាពិសេស អ្នកជួបការលំបាក កុមារ មនុស្សចាស់ អ្នកជំងឺ និងគ្រួសារដែលមានជីវភាពខ្វះខាត ទូទាំងប្រទេស។
សកម្មភាពសប្បុរសធម៌ និងការចែករំលែកអំណោយនេះ បានរួមចំណែកផ្តល់ ក្តីសង្ឃឹម កម្លាំងចិត្ត និងភាពកក់ក្តៅ ដល់អ្នកដែលត្រូវការជំនួយ ក្នុងគោលបំណងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានភាពសុខដុមរមនា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
«រួមគ្នាធ្វើអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងបន្តស្មារតីមនុស្សធម៌ ដើម្បីសង្គមកាន់តែប្រសើរ»៕
www.ksapormean-khmerebooknews.com.kh
















































































