លោក ហាក់ ម៉ុងហួត បានលើកឡើងថា ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) រដ្ឋបាលស្រុកតាំងគោកបានបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» ចង់អោយយុវជនគ្រប់រូបបង្កើនសាមគ្គីភាព មិត្តភាព មានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា នៅតាមឃុំស្រុកនីមួយៗ ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងសហគមន៍ ជាពិសេសជាងនេះទៅទៀតនោះរស់នៅក្នុងសុខសន្តិភាព សុវត្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ ចង់អោយប្អូនៗជាយុវជនទាំងអស់ចៀសឲ្យឆ្ងាយពីគ្រឿងញៀននិងចង់លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានល្អដើម្បីពង្រឹងសមត្ថភាពឈានទៅសម្រេចតាមបំណងក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ ក៏ដូចជាដើម្បីឲ្យក្លាយទៅជាកីឡាករល្អនៅតាមបណ្ដាស្រុក និងជម្រើសជាតិផងដែរ។
លោកបន្តថា ការប្រកួតកីឡានេះមានគោលបំណងចង់ឲ្យយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែង លើកស្ទួយវិស័យកីឡាជាតិរបស់យើងឈានទៅពង្រឹងនិងពង្រីកបានទាំងផ្នែកបរិមាណនិងគុណភាពប្រកបដោយថាមពលដោយឈរលើមូលដ្ឋាន នៃយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិស្របទៅនឹងការរៀបចំដាក់ពាក្យស្លោកអបអរសាទរយុទ្ធនាការចលនាប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីឲ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ចូលចិត្តគាំទ្រនិងលេងកីឡា ទទួលបានសុខភាពល្អ។
តំណាងឲ្យក្រុមកីឡាករទាំងអស់បានថ្លែងថានេះគឺជាប្រវត្តិសាស្ត្រនៅក្នុងស្រុកតាំងគោកដែលរដ្ឋបាលស្រុកបានបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» នេះដើម្បីឲ្យយុវជនបានបង្ហាញពីការស្រលាញ់កីឡា កីឡានាំមកនូវសុខភាព មិត្តភាព និងចង់បង្ហាញទេពកោសល្យច្បាស់លាស់ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិ និងប្រជាជននៅលើឆាកអន្តរជាតិពិសេសនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេមក្នុងការ រួមចំណែកយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍនិងការពារជាតិមាតុភូមិ។
តាមការបញ្ជាក់របស់លោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកតាំងគោក កីឡាករទាំងអស់មកពី ៨ ឃុំ បែងចែកជា ៨ ក្រុមមាន ២ ពូល A មាន ៤ ក្រុម ពូល B មាន ៤ ក្រុម ដែលមានកីឡាករសរុបចំនួន ២០០ នាក់។ ហើយការប្រកួតបានចាប់ផ្ដើមនៅថ្ងៃទី ៧ ខែមករា រហូតទៅដល់ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៣ ដោយយកតែថ្ងៃសៅរ៍ឬអាទិត្យតែប៉ុណ្ណោះ ។ សម្រាប់ថ្ងៃបើកឆាកពូល Aគឺក្រុមយុវជនឃុំសូយោង ប៉ះជាមួយ យុវជនឃុំពង្រ ជាលទ្ធផលទទួលបានគ្រាប់ស្មើគ្នា២-២៕
www.ksapormean-khmerebooknews.com.kh






















































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh