ខេត្តសៀមរាប ÷កាលពីម្សិលមុិញថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣
លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត និង ម៉ាសុីនបាញ់ទឺកចល័ត ជូនដល់សាលាបឋមសិក្សាខ្វាវ ដែលស្ថិតនៅក្នុង ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការចូលរួមទទួលពីសំណាក់លោកស្រីសមាជិកទីប្រឹក្សាស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងក្មួយសិស្សានុសិស្ស។
ដែលក្នុងនោះរួមមាន៖
- ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១៦,០០០$)
- ម៉ាសុីនបាញ់ទឹកចល័ត ១គ្រឿង (តម្លៃ២,០០០$)
សរុបជាទឹកប្រាក់ចំនួន ១៨,០០០ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។
សាលាបឋមសិក្សាខ្វាវ មានសិស្សសរុប ចំនួន៧០០នាក់ លោកគ្រូអ្នកគ្រូ ចំនួន២១រូប សហគមជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះផងដែរ មានចំនួន ២ភូមិ ស្មើនឹង ១,៩៤៤គ្រួសារ។
លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។
លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។ ជាចុងក្រោយ លោកបានរម្លឹកដាស់តឿនដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស និងការណែនាំ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង។
www.ksapormean-khmerebooknews.com.kh



































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh