អំណោយជាសម្ភារៈសិក្សា (កញ្ចប់ផេនដា) ដែលគិតជាថវិកាប្រមាណជាង ២៧ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍអភិវឌ្ឍជនបទ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក WANG HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋសិក្សាជ្រោយចង្វារ សម្រាប់ចែកជូនសិស្សានុសិស្សចំនួន៥.៣៦២នាក់ មកពីសាលាបឋមសិក្សាចំនួន១១ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក WANG HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានជម្រាបជូនអង្គពិធីថា សម្ភារសិក្សា (កញ្ចប់ផែនដា) នេះ គឺជាទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនចិន ដើម្បីចូលរួមចំណែកលើកកម្ពស់ការសិក្សារបស់ក្មួយៗដែលជាសិស្សានុសិស្ស ក្នុងនាមជាអ្នកស្នង និងការចូលរួមអភិវឌ្ឍប្រទេសនាពេលខាងមុខ។
លោក WANG HAOYU បានបញ្ជាក់អំពីបុព្វហេតុដែលនាំឲ្យមានការយកកញ្ចប់ផែនដា ច្រើនជាង ១.១៥លាន ចែកទៅកាន់១៤ប្រទេសនៅអាស៊ី និងអាហ្វ្រិក។ ហើយនេះជាលើកទីប្រាំពីរហើយ ដែលគម្រោង កញ្ចប់ផែនដាបានមកដល់ព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់ពេលនេះ កញ្ចប់ផែនដាចំនួន ១៧ម៉ឺនកញ្ចប់ ត្រូវបានចែកជូននៅតាមសាលាបឋមសិក្សានានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រពៃណីរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលបានផ្តល់នូវជំនួយយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា។ ជាក់ស្តែងដូចនាពេលនេះគឺបាននាំយកនូវសម្ភារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាទាំង១១ ក្នុងខណ្ឌជ្រោយចង្វារ។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានគូសបញ្ជាក់ថា ការងារអប់រំក៏ជាកិច្ចការអាទិភាពមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចផែនការអភិវឌ្ឍន៍ជំរុញឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការបង្កើនធនធានមនុស្សឱ្យមានសក្តានុពលខ្ពស់ជារឿង មិនអាចរំលងបានឡើយ។ ដើម្បីសំដៅដល់កិច្ចអភិវឌ្ឍប្រទេសប្រកបដោយចីរភាព កុមារគឺជាធនធានដ៏សំខាន់ដែលត្រូវតែមានការយកចិត្តទុកដាក់ ទាំងសុខភាព ចំណីអាហារការស្លៀកពាក់ និងការរៀនសូត្រ។ សម្ភារៈសិក្សា និងរបស់ប្រើប្រាស់នៃកញ្ចប់ផេនដា ដែលត្រូវរៀបចំឡើង និងប្រគល់ជូនទៅកាន់កុមារដែលជាសិស្សានុសិស្សទាំងអស់នេះ គឺជាកញ្ចប់នៃក្តីស្រឡាញ់ ដែលជាការគិតគូដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាជនកម្ពុជាទាំងអស់ ចូលរួមធ្វើការអភិវឌ្ឍន៍មូលដ្ឋាន សំដៅដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមផែនការបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានរំលឹកអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីក និងកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ កិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នា រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងកម្ពុជា ព្រមទាំងសុខសន្តិភាព ស្ថិរភាពក្នុងតំបន់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានផ្តាំផ្ញើក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយទៅជាបញ្ញាជន ជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិនាថ្ងៃអនាគត ហើយធ្វើជាប្រជាជនសុចរិត មានស្មារតី និងឆន្ទៈបម្រើជាតិមាតុភូមិ មិនប្រាសចាកពីច្បាប់ និងសង្គមជាតិ៕
www.ksapormean-khmerebooknews.com.kh





































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh