ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៥ និង វគ្គហ្វឹកហ្វឺន(ម្ចាស់ការ) បំប៉នជំនាញ យុទ្ធវិធីថ្មើរជើង ថា្នក់ពួក ដល់ កងអនុសេនាធំ និងក្បាច់គុនកងយោធពលខេមរភូមិន្ទជំនាន់ទី១ ឆ្នាំ២០២៣ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា៖ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងការកសាង ជំរុំ បន្ទាយ, ការងារដឹកជញ្ជូន, ការជួសជុលថែទាំបច្ចេកទេសរថយន្ត, ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុ ភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់ ។
របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទទួលការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដែលមានកម្មសិក្សាការីចូលរួមសរុបចំនួន១៥០នាក់ គ្រូចំនួន ២០នាក់ ក្រុមបម្រើការចំនួន១៤នាក់ ។ ក្នុងនោះកម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ជំនាន់ទី៥ មានចំនួន១០០នាក់ គ្រូ១៥នាក់ សិក្សារយៈពេល ០៤ខែ និងកម្មសិក្សាការី, វគ្គហ្វឹនហ្វឺន(ម្ចាស់ការ) បំប៉នជំនាញយុទ្ធវិធី ថ្មើរជើងថ្នាក់កងអនុសេនាធំ និងវគ្គហ្វឹកហ្វឺន(ម្ចាស់ការ)បំប៉នជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទ មានចំនួន៥០នាក់ គ្រូចំនួន០៥នាក់ សិក្សារយៈពេល ០៣ខែ ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន បានចាត់ទុកវគ្គហ្វឹកដែលដំណើរការបើកនាឱកាសនេះមានគោលបំណងពង្រឹងលើកកម្ពស់ សមត្ថភាពដល់យោធិន ដែលមានតួនាទីក្នុងការងារនៃភារកិច្ចរបស់ខ្លួន ដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ព្រោះថាកម្មសិក្សាការីទាំងអស់ ជាប្រភពកម្លាំង បន្តវេន និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។ រួមទាំងសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង ។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។
ឯកឧត្តម ប៉ុល ស៊ីនួន បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ៕
www.ksapormean-khmerebooknews.com.kh



































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh