សៀមរាប ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយកន្លែងទៀត នៅក្នុងតំបន់ក្រុមឡទ្វារដីឆ្នាំង ដែលស្ថិតនៅភាគពាយព្យ នៃខ្លោងទ្វារដីឆ្នាំងក្រុងអង្គរធំ ក្នុងគោលបំណងដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងឡទាំង២ដូចគ្នាឬយ៉ាងណា? ថ្វីត្បិតថា នៅក្នុងតំបន់នោះ គេឃើញមានទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិលក្រែងឡទាំងនោះមានមុខងារផ្សេងគ្នាជាដើម។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់
ឯកសារអង្គរបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅភាគពាយព្យខ្លោងទ្វារដីឆ្នាំង ដោយលោកបញ្ជាក់ថា ការធ្វើកំណាយនោះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០។
អ្នកស្រាវជ្រាវបានរកឃើញជារចនាសម្ព័ន្ធឡបុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សរ៍ទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៣។
លោក ទិន ទីណា បានឱ្យដឹងទៀតថា ការធ្វើកំណាយនៅទួលត្រពាំងបុស្សនោះ គេឃើញមានរចនាសម្ព័ន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ដូចជា នៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះមានប្រវែងវែង រីឯឡបុរាណនៅទួលត្រពាំងបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។
ការធ្វើកំណាយនៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងឡទាំង២ដូចគ្នាឬយ៉ាងណា? ដ្បិតថា គេឃើញទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិលក្រែងឡទាំងនោះ មានមុខងារផ្សេងគ្នាជាដើម ៕ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ ដារា










www.ksapormean-khmerebooknews.com.kh


























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh