ភ្នំពេញ ៖ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងកិច្ចសហការរវាង សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និង សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំង ដែលស្ថិតក្នុងខេត្តព្រះវិហារ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា បាននាំភ្ញៀវទេសចរជាង ៥០០នាក់ ទៅទស្សនានៅតំបន់នោះ និងបាននាំមកនូវចំណូលជាច្រើនដល់សហគមន៍។ នេះបើតាមការឱ្យដឹងពីសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា នៅថ្ងៃ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី០៤ ខែកុម្ភ: ឆ្នាំ២០២២នេះ។
ប្រភពដដែលបង្ហាញទៀតថា សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំងតែមួយ អាចទទួលបានចំណូលសេវាកម្មទេសចរណ៍ចំនួន ២៨ ០៦៨,៧៥ដុល្លារអាម៉េរិក និង វិភាគទានអភិវឌ្ឍន៍សហគមន៍ចំនួន ១៩ ៣៩០ដុល្លារអាម៉េរិក និងជំនួយមូលនិធិជាច្រើនទៀតដែលបានប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មទេសចរណ៍ជាដើម។
ម៉្យាងវិញទៀតដោយមានការជួយជ្រោមជ្រែង ពីសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ដែលតែងតែផ្សព្វផ្សាយអំពីសក្តានុពល នៃតំបន់ត្មាតប៉ើយ ក៏ដូចជាសហគមន៍ត្មាតប៉ើយធឿន ក្រសាំង លើឆាកអន្តរជាតិ តាំងពីឆ្នាំ២០១៦ ដោយមានការជួយជ្រោមជ្រែង ពីក្រុមការងាររបស់សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ត្មាតប៉ើយធឿនក្រសាំង ទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩ សម្រាប់គោលដៅទេសចរណ៍ធម្មជាតិ ពីស្ថាប័ន Green Destination។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះយ៉ាងខ្លាំងដែលនាំឱ្យសហគមន៍ និង ប្រជាសហគមន៍បានបាត់បង់ប្រាក់ចំណូលជាច្រើននាពេលកន្លងមក។
ប្រការនេះធ្វើឱ្យសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា បានប្រកាសផ្សព្វផ្សាយ និង លើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ចូលរួមគាំទ្រសកម្មភាពទេសចរ ណ៍ របស់សហគមន៍ត្មាតប៉ើយ តាមរយៈការទៅទស្សនាផ្ទាល់នៅទីនោះ ក៏ដូចជាការផ្តល់ជំនួយនានា សម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍ កិច្ចការអភិរក្ស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់នោះបន្ថែមទៀត ៕ដោយ ណយ នឿន (ប្រភព:មន្ទីរទេសចរណ៍ខេត្តព្រះវិហារ) សម្រួលផ្សាយដោយ៖ ដារ៉ា




www.ksapormean-khmerebooknews.com.kh


























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh