គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលនិងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះ

ចំនួនអ្នកទស្សនា : Views

 


នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលនិងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះ ក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលត្រូវទៅចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។









ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF

ចំនួនអ្នកទស្សនា : Views

 


ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់បឹងខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤១៦នាក់។ 


យោងតាមរបាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ២០៩ ៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេសខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។ 

បន្ទាប់ពីស្តាប់នូវមតិស្វាគមន៍និងរបាយការណ៍សមិទ្ធផលរបស់ឯកឧត្ដមអភិបាលខេត្តតាកែវ និងរបាយការណ៍បញ្ជាក់ពីការបន្តគាំទ្រនិងសហការជួយចូលរួមជំរុញការងារអនាម័យជនបទរបស់អង្គការផ្លេនអន្តរជាតិ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។ 

ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយសារគុណនៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ 












សូមជម្រាបជូនផងដែរថា នៅត្រឹមពេលនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕

បទល្មើសនេសាទ(លប)ស្ទាក់ចាប់ត្រីនៅតែមានវត្តមានក្នុងចំណុចភូមិថ្កូល.ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនទាន់ឃើញមន្ត្រីជំនាញចុះទៅបង្ក្រាប

ចំនួនអ្នកទស្សនា : Views

 


ពោធិសាត់៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតរូបភាពនូវបទល្មើសនេសាទរបាំង(លប)ស្ថិតនៅក្នុងចំណុចភូមិថ្កូល.ស្រុកក្រគរ ខេត្តពោធិ៍សាត់។ឃើញថាការរាយដាក់បទល្មើស(លប)ស្ទាក់ចាប់ត្រីមិនថាក្នុងដូវបិទ ដែលជារដូវត្រីកំពង់ពងកូន ក៏ដូចរដូវបើកនេសាទនោះទេ នៅតែឃើញបន្តមានវគ្គមានមិនចេះអស់ ធ្វើឱ្យចរាចរត្រីតាមព្រែកត្រូវក្រុមល្មើសធ្វើសកម្មភាពសំរុកដាក់(លប)យ៉ាងអនាធិបតេយ្យ ដោយប្រើឧបករណ៍ខុសច្បាប់មានដូចជារបាំងសាច់អួនក្រឡាញឹកទំនើបៗ សាច់ក្រហមខៀវជាច្រើនកន្លែងដែលមានចាប់ពីចំណុច(ថ្កោល និងផ្លូវថ្មី) (ជ្រោយឃ្នាស)(កំអួតភេ)និងតំបន់អភិរក្ស{តាអួរឆ័ត្រ}ស្ថិតក្នុងតំបន់អភិរក្សរហូតជាប់ព្រំប្រទល់ខេត្តសៀមរាបស្ថិតក្នុងស្រុកកណ្ដៀងដែលជាតំបន់ត្រីកំពង់ចរាចតាមព្រែកស្ថិតក្នុង.ខេត្តពោធិសាត់។


ប្រភពពីប្រជានេសាទតាមបែបគ្រួសារបានបង្ហើបឲ្យដឹងថាក្រុមឈ្មួញធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ទាំងនោះគឺត្រូវបានចំណាយលុយជាច្រើនលានរៀល ឲ្យទៅក្រុមជំនាញសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធទើបអាចដាក់(លប)បានដោយរលូនមកទល់ពេលនេះ ហើយក្រុមឈ្មួញដែលពូកែខាងរត់ការនោះត្រូវគេស្គាល់ឈ្មោះយ៉ាងច្បាសថាជាមេឈ្មួញនៅតំបន់នោះហើយរបាំងសាច់អួនទំនើបដែលក្រុមល្មើសដាក់ស្ទាក់ចាប់ត្រីដែរធ្វើឲ្យស្ទះចរាចរណ៍ត្រីកំពង់ពងកូននិងធ្វើចរាចរក្នុងព្រែកមានប្រវែងចាប់ពី500ម៉ែត្រ ទៅ1000ម៉ែត្រក្នុងមួយម្ចាស់ៗ។


តាមប្រភពដដែរខាងលើបានបន្តឲ្យដឹងទៀតថាកន្លងមកឃើញមន្ត្រីជំនាញជាច្រើនស្ថាប័នបានមកដល់ចំណុចទីតាំងរបាំងសាច់អួនទំនើបខាងលើជាញឹកញាប់ និងបានបង្ក្រាបបានច្រើនដងដែរ តែភាគច្រើនគេសង្ខេបឃើញថាការបង្ក្រាបនេះភាគច្រើនបានតែរបាំងអួនតូចតាចតែប៉ុណ្ណោះ រីឯរបាំងដែលមានប្រវែងរាប់ពាន់ម៉ែត្រគឺមិនទាន់បានបង្ក្រាបបានអស់ឡើយ ឬមួយជាស្នៀតសំដែងរបស់សមត្ថកិច្ចជំនាញក្នុងការកលុយដែលគេហៅថាវ៉ៃអាតូច គំរាមអាធំព្រោះថាអាធំបានលុយច្រើនក្រោយពីការបង្ក្រាបរបាំងសាច់អួនតូចតាចរួចមក ក៏ក្រុមជំនាញនាំគ្នាដកខ្លួនចេញ ក៏រង់ចាំមើលអ្នករត់ការរបាំងធំៗមកជួបហើយមើលទៅ។


ជុំវិញនូវបទល្មើសខាងលើកនេះធ្វើប្រជានេសាទលក្ខណះគ្រួសារ ដាក់ការសង្ស័យទៅលោក នាយខ័ណ្ឌរដ្ឋបាលជលផល ថាប្រហែលមានការទទួលសំណូកសូប៉ាន់ហើយមើលទៅទើបមិនមានការបង្កាបនូវបទល្មើសទាំងនេះឱ្យអស់ទាល់តែសោះ។


ទាក់ទងករណីក្រុមឈ្មួញប្រើប្រាស់ឧបករណ៍បទល្មើសនេសាទនៅចំណុចខាងលើអ្នកសារព័ត៌មានបានទូរស័ព្ទទៅកាន់លោកនាយខ័ណ្ឌរដ្ឋបាលជលផល តាមរយៈលេខទូរស័ព្ទរបស់លោកតែមិនអាចទាក់ទងបាននៅឡើយទេនាថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង២.៣៥នាទីនេះ។


ប្រជានេសាទលក្ខណះគ្រួសារបានសូមណូមពរទៅលោក នាយសង្កាត់រដ្ឋបាលជលផលលោកយូ សុវិចិត្រ និងលោក ភំុវិមល នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ ព្រមទាំងលោក ហៃធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មេត្តាចាត់ក្រុមការងារចុះមកសិក្សារនិងបង្ក្រាប់នូវបទល្មើសទាំងនេះ កុំចាំតែអង្គុយស្ដាប់តែរបាយការណ៍នៅតែក្នុងប៊ុយរ៉ូម៉ាស៉ីនត្រជាក់ និងកុំឱ្យមជ្ឈដ្ឋានទូទៅមានការរិះគន់ចោទប្រកាន់ក្នុងការទទួលសំណូកដោយលោកមិនបានដឹង។


ស្របតាមការបង្ក្រាបបទល្មើសនេសាទនេះលុបបំបាត់ភាពអនាធិបតេយ្យក្នុងវិស័យជលផលអនុវត្តន៍តាមបទបញ្ជា-01របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យមានប្រសិទ្ធិភាពឡើង។


ជុំវិញនិងការផ្សព្វផ្សាយព័ត៌មានខាងលើនេះអង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕






ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ

ចំនួនអ្នកទស្សនា : Views












ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ចំនួន ៣៣ សរុបអ្នកចូលរួមប្រមាណ ២០០នាក់។


ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកម្ពុជា។  ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលាស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវជនបទនាពេលនេះ ស្ថិតក្នុងពេលដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាង និងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាពនៃកម្ពុជា ។ សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ចាំបាច់សម្រាប់យកមកអនុវត្តក្នុងកម្មវិធីអាទិភាពទីមួយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%។ បច្ចុប្បន្ន ក្រសួង បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការស្ថាបនា កែលម្អ ស្តារឡើងវិញ ជួសជុល និងថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅទូទាំងប្រទេស សរុបប្រមាណជង១៦ ០០០ខ្សែផ្លូវ មានប្រវែងសរុបស្មើនឹងប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ច ការធ្វើដំណើរ ទៅទទួលសេវាកម្មផ្សេងៗ ទាំងសេវាសាធារណៈ និងសេវាឯកជន ក្នុងគោលដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅជនបទ ទីក្រុង និងទីប្រជុំជន ឱ្យបានល្អប្រសើរឡើង។ 


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសិក្ខាសាលាទាំងមូល មេត្តាចូលរួមផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដែលនឹងធ្វើឱ្យបទដ្ឋានបច្ចេកទេសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែមានភាពល្អប្រសើរ ក្នុងគោលដៅបម្រើដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ មានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ និងមានសង្គតិភាពទៅនឹងការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា ៕








លោកឧត្តមសេនីយ៍ទោ សរ សំណាង ប្រធានសាខាសមាគមរាជសីហ៍ រាជធានីភ្នំពេញនិងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាល ខណ្ឌកំបូលបានយកអំណោយចែកជូនគ្រួសារកុមារដែលមានការខ្វះខាតខ្លាំង

ចំនួនអ្នកទស្សនា : Views



អនុសាខាសមាគមរាជសីហ៍ខណ្ឌកំបូល នៃសាខារាជធានីភ្នំពេញ​ បាននាំយកអំណោយជូនដល់មណ្ឌលគ្រួសារកុមារកំព្រាឈូករ័ត្នដែលខ្វះខាត​ខ្លាំង ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤

    ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយន៍ទោ សរ សំណាង លោក រស់ សាម៉ឺឌី ប្រធានអនុសាខាសមាគមរាជសីហ៍ខណ្ឌកំបូល  លោក សេក តុលា អនុប្រធានអនុសាខា លោក រ៉េត វ៉ាន់ឌី លោក ជា លីហួរ លោក ជា លីហ៊ាង លោកស្រី ពុធ ពិសិដ្ឋានី ផ្នែកយុវជន និងសហការី រួមជាមួយ លោក សារិន ប៊ុនធុច អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា តំណាង លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាល ខណ្ឌកំបូល  និង លោកស្រី ហែម ចាន់ស៊ី ក្រុមប្រឹក្សាសង្កាត់ តំណាង លោក ញូង ធិន ចៅសង្កាត់ប្រទះឡាង លោកវេជ្ជបណ្ឌិត ឃឹម សំរិត សមាជិកគណៈអចិន្ត្រៃយ៍ តំណាង ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោក ផេងប៉ូលីន ប្រធានមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តំណាង ឯកឧត្តម ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព តំណាងក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងតំណាងក្រុមការងារសមាគមអភិវឌ្ឍន៍កម្ពុជា អមដំណើរជាមួយសប្បុរសជនរួមមាន: លោក បេ អ៉ិនហ៊ាន(សប្បកម្មស៊ូហ៊ាន កែច្នៃអាហារសុវត្ថិភាព) អ្នកស្រី ជា ម៉េងគាវ និងក្រុមគ្រួសារ  នាំយកអំណោយ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានក្រុមប្រឹក្សាយោបល់ អនុសាខា និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី ព្រះគ្រូចន្ទជោតិញាណ ចាន់ ផល្លី ព្រះចៅអធិការវត្តគោកខ្សាច់ និងសប្បុរសជន ព្រមទាំងថវិការមួយចំនួនជូនដល់ លោក កឹង គីឡែន ប្រធានមណ្ឌលគ្រួសារកុមារកំព្រាឈូករ័ត្ន ដែលខ្វះខាត​ខ្លាំងទុកចែកជូនកូនៗ ចំនួន២០០នាក់ ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

អំណោយមានដូចជា៖
- សៀវភៅ ចំនួន ៣០៥ ក្បាល
- ប៊ិច ក្រហម និង ខៀវ  ចំនួន ១៥០ដើម
- ខ្មៅដៃ ចំនួន ១២០ដើម
- ជ័រលុប ចំនួន ១២០ដើម
- បន្ទាត់ ចំនួន ១០០ដើម
- សម្រាប់ខួងខ្មៅដៃ ចំនួន ១៥០ដុំ
- ទឹកក្រូច ចំនួន ០២កេស
- ទឹកផ្លែឈើ ចំនួន ០២កេស
- មី ចំនួន ០២កេស
- ត្រីខ ចំនួន ០២យួរ
- នំបុ័ង ចំនួន២០០ដើម
- ទឹកសណ្តែកធម្មជាតិ( ស៊ូហ៊ាន) ៩០លីត្រ
- ទឹកសុទ្ធ Vital ចំនួន០២កេស
- ទឹកសុទ្ធ ចំនួន ១០យួរ
- កែវជ័រ ចំនួន ៣០០កែវ
- ថវិកាអនុសាខា: ចំនួន២៤៨,០០០រៀល
- ថវិការ: សាខាសមាគមរាជសីហ៍ រាជធានីភ្នំពេញ ចំនួន ១២៥ដុល្លារ

អំណោយអាជ្ញាធរខណ្ឌកំបូល:
- សៀវភៅ ចំនួន ២០០ក្បាល
- ប៊ិច ចំនួន ២០០ដើម
- ខ្មៅដៃ ចំនួន ២០០ដើម
- នំ ចំនួន ០២កេស


* ថវិការសរុប ÷ ២,២៦២,៥០០រៀល + ១២៥ដុល្លារ

ក្នុងឱកាសនោះដែរ លោក កឹង គីឡែន ប្រធានមណ្ឌលកុមារកំព្រាឈូករ័ត្ន និងកូនៗទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាករបស់មណ្ឌលកុមារកំព្រាឈូករ័ត្ន ក៍ដូចជាកូនៗនៅក្នុងបន្ទុក និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបន្តពង្រឹងការអភិរក្សធនធានធម្មជាតិ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ដេីម្បីបន្តការការពារធនធនធានធម្មជាតិបន្តទៀត និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 


នាឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ 


គូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានអនុវត្តតាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណាតិ្តទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍ គ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ 


ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ជុំវិញតំបន់សហគមន៍ភ្នំត្នោតផងដែរ។


ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាសហគមន៍ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។ 


ជាចុងក្រោយ លោក បេន ដេវីស ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលគាំទ្រដល់សកម្មភាពរបស់សកម្មរបស់លោក និងយកចិត្តទុកដាក់ចំពោះការការពារព្រៃ កន្លងមកដោយមានការជួយជ្រុំជ្រែងពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ និងអង្គការអន្តរជាតិផងដែរ ជាពិសេសលោក បេន ដេវីស បានបញ្ជាក់ថា គ្រួសារលោកផ្ទាល់ ព្រមទាំងប្រជាសហគមន៍នឹងបន្ត ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដូចជាសត្វព្រៃ ព្រៃឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទទៀត នៅក្នុងតំបន់អភិរក្សនេះ នឹងរក្សាបានយូរអង្វែងតកូនចៅ។













បុគ្គលមានឥទ្ធិពល ក្នុងខេត្តពោធិ៍សាត់ម្នាក់ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន...

ចំនួនអ្នកទស្សនា : Views

 


ពោធិ៍សាត់៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ  អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើម សុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។


ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិសា្វយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ ត្រូវបានមនុស្សម្នាក់ ដែលមានឥទ្ធិពល ជាមន្ត្រីជាន់ខ្ពស់ក្នុងសាលាខេត្តពោធិ៍សាត់ ធ្វេីរបងថ្មហ៊ុំព័ន្ធប្រឡាយជុំវិញ ដែលអាចបណ្ដាឱ្យស្ទះចរន្តទឹកហូរ យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ នេះបេីតាមការលេីករាយការណ៍របស់មន្ដ្រីសាលាខេត្តពោធិ៍សាត់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ 


ការសាងសង់របងថ្ម ដ៏រឹងមាំ ពីសំណាក់បុគ្គលដែលមានឥទ្ធិពលម្នាក់នោះ សង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ ពោល ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួន ទេីបមន្ដ្រីជំនាញពាក់ព័ន្ធ ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។


ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលេីនោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពាន្តច្បាប់ លួចសាងសង់របង និងហ៊ុំព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន(មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។ 


ការសាងសង់របងថ្មហុំព័ទប្រឡាយទឹក របស់បុគ្គលនោះ ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម គឺពុំគួរបណ្តែតបណ្តោយតទៅទៀតបានទេ ប្រសិនបេីមិនមានវិធានការទប់ស្កាត់ នោះច្បាស់ណាស់ដីប្រឡាយទឹកនោះ នឹងក្លាយជាដីឯកជន (ជាកម្មសិទ្ធិរបស់បុគ្គលម្នាក់នោះ) ជាក់ជាមិនខានឡើយ។

    

អង្គភាពសារព័ត៌មានយេីងខ្ញុំ ពុំអាចសុំការបំភ្លឺពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល ប៉ុន្តែពុំមានអ្នកលេីក។ 


ក្រោយពី អង្គភាពសារព័ត៌មានយេីងខ្ញុំ បានទទួលដំណឹងនេះ អង្គភាសារព័ត៌មានយេីងខ្ញុំ សូមធ្វេីជាព័ត៌មានរាយការណ៍ គោរពជូនពរ ឯកឧត្ដមអភិបាលខេត្ត និងមន្រ្ដីជំនាញ មេត្ដាចុះពិនិត្យ និងធ្វេីការចុះផ្សាយដេីម្បីជូនដំណឹងនេះ បានជ្រាបដល់មហាជន ក៏ដូចជាថ្នាក់ដឹកនាំមេត្ដាជ្រាប។ 


អង្គភាពសារព័ត៌មានយេីងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពសង្គម ផ្សាយចេញនូវព័ត៌មានពិត ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ មន្រ្ដីសាលាខេត្តពោធិ៍សាត់នោះឡេីយ។